ប្រវត្តិសាលា

វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម


វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ឈ្មោះដើមសាលាមធ្យមសិក្សាកម្រិត២បល័ង្ក បានកើតនៅឆ្នាំ១៩៨៧ តាមសេចក្តីសម្រចលេខ ១៩៤អ.រ.ស.សរចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ១៩៨៨ របស់ក្រសួងអប់រំ។ សាលាមធ្យមកម្រិត២បល្ល័ង្ក មានទីតាំងតាមមាត់ស្ទឹងជីនិត ខាងលិចជាប់របងការិយាល័យផ្នែករុក្ខាប្រមាញ់កំពង់ថ្ម ក្នុងទីប្រជុំជនកំពង់ថ្ម ឃុំបល្ល័ង្ក ស្រុកបារាយ៍ ខេត្តកំពង់ធំ។ នៅក្នុងឆ្នាំសិក្សា១៩៩០-១៩៩១ សាលាមធ្យមសិក្សាកម្រិត២បល្ល័ង្ក បានប្រែជាវិទ្យាល័យបល្ល័ង្ក វិញតាមទិសវិវត្តរបស់ក្រសួងអប់រំ។ វិទ្យាល័យបល្ល័ង្កនេះទទួលសិស្សចាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(មធ្យមកម្រិត១)ពោលគឺចាប់ពីថ្នាក់ទី១០ រហូតដល់ថ្នាក់ទី១២ ។ ក្នុងគោលបំណងចង់ឱ្យវិទ្យាល័យបល្ល័ង្កមានគ្រប់កម្រិតថ្នាក់ គឺចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ទើបមន្ទីរអប់រំយុវជននិងកីឡា ខេត្តកំពង់ធំ ដោយមានការយល់ព្រមពីក្រសួងអប់រំយុវជន និងកីឡាបានចេញលិខិតមួយ លេខ ២៦៤ អកជ.ចទម ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៩៤ ឱ្យបញ្ចូលវិទ្យាល័យបល្ល័ង្ក ជាមួយអនុវិទ្យាល័យបល្ល័ង្ក។ ពិធីប្រកាសបញ្ចូលគ្រឹះស្ថានមធ្យមទាំងពីរនេះធ្វើនៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ១៩៩៤ វេលាម៉ោង៨ព្រឹក ក្នុងបរិវេណអនុវិទ្យាល័យបល្ល័ង្ក ក្រោមអធិបតីភាពលោក ល្យី គឹមសាង អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ ដោយមានការចូលរួមពីរដ្ឋអំណាចស្រុកបារាយណ៍ ឃុំបល្ល័ង្ក និងលោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានទាំងពីរផង។ សូមបញ្ជាក់ថា ទីតាំងវិទ្យាល័យបល្ល័ង្កនេះជាទីតាំងចាស់ របស់អនុវិទ្យាល័យកំពង់ថ្ម កាលពីសម័យសង្គមរាស្ត្រនិយម ក្នុងកំឡុងឆ្នាំ១៩៦២-ឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៦៩ បានក្លាយទៅជាវិទ្យាល័យកំពង់ថ្ម។ ក្នុងសង្គ្រាមប្រជាជាតិឆ្នាំ១៩៧០-១៩៧៥ សាលានេះទទួលរងគ្រោះថ្នាក់ដោយគ្រាប់បែក ធ្វើឱ្យអគារសិក្សាត្រូវខ្ទេចខ្ទាំស្ទើរតែទាំស្រុង។ ក្នុងរបបខ្មែរក្រហម ប៉ុល ពត ១៩៧៥-១៩៧៩ បន្ទប់ដែលនៅសេសសល់ពីកាខ្ទេចខ្ទាំ ត្រូវបានពួកនេះ យកធ្វើជាកន្លែងឃុំ ឃាំង និងកន្លែងធ្វើជីរ។ ក្រោយថ្ងៃរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្នុងឆ្នាំសិក្សា១៩៨២-១៩៨៣ សាលានេះបានចាប់ផ្ដើមដំណើរការក្នុងកម្រិតអនុវិទ្យាល័យដែលកាលនោះដាក់ឈ្មោះថាសាលាមធ្យមសិក្សាកំរិត១បល្ល័ង្ក រួចក្លាយជា អនុវិទ្យាល័យបល្ល័ង្ក។ នៅឆ្នាំ១៩៩៦ វិទ្យាបល្ល័ង្កបានទទួលការឧបត្ថម្ភពី សម្ដេច ជា ស៊ីម ប្រធានរដ្ឋសភាជាតិ និងជាប្រធានគណៈប្រជាជនកម្ពុជា នូវអគារ២ខ្នងមាន១០បន្ទប់ សង់អំពីឥដ្ឋប្រក់ក្បឿង និងនៅឆ្នាំ១៩៩៧សម្ដេចបានជួសជុលអគារ ១ខ្នងមាន១ជាន់ មាន១០បន្ទប់ ដែលមានភាពទ្រុឌទ្រោមខ្លាំង។ ដោយមើលឃើញគុណូបការៈ របស់សម្ដេច ជា ស៊ីម ទើបគណៈកម្មការសហគម មាតា បីតាសិស្សព្រះសង្ឃប្រជាជន ដែលស្ថិតក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក បានឯកភាពសុំឈ្មោះសម្ដេច ជាឈ្មោះ សាលា។ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧ ទើបក្រសួងអប់រំ យុវជន និង​ កីឡា បានចេញប្រកាសលេខ ៨០៨ អយក.ប្រក យល់ព្រមអោយប្ដូរឈ្មោះវិទ្យាល័យបល្ល័ង្ក ជាវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម វិញ។

បញ្ជាក់ៈ វិទ្យាល័យ ជា ស៊ីម កំពង់ថ្ម សព្វថ្ងៃមានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ៦ ក្នុងភូមិបឹងសំរឹទ្ធិ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។